ការព្យាបាលជំងឺមហារីកដោយកាំរស្មី Radiation cancer treatment

យល់ដឹងពីការព្យាបាលជំងឺមហារីកដោយកាំរស្មី!

ការព្យាលបាលដោយកាំរស្មីជាវិធីសាស្រ្តមួយក្នុងការព្យាបាលជំងឺមហារីកដោយប្រើ កំរិតកាំរស្មីខ្ពស់ (high doses of radiation) ដើម្បីសម្លាប់កោសិកាមហារីក។ កាំរស្មីដែលគេប្រើជាញឹកញាប់ គឺកាំរស្មីអ៊ិច (X-rays) ឬហ្វូតុងអ៊ិច (Photon X) ដែលមានលទ្ធភាពអាចបំផ្លាញ DNA របស់កោសិកាមហារីកបាន ហើយដែលជាលទ្ធផលកោសិការមហារីក នឹងមិនអាចរីកលូតលាស់បាន។ ការព្យាបាលដោយកាំរស្មី គឺមានគោលដៅសម្លាប់ រឺបំផ្លាញកោសិកាមហារីក ដោយរក្សានូវការប៉ះពាល់ទៅលើសរីរាង្គជិតខាងឲ្យបានតិចតួចបំផុត។

១) ប្រភេទនៃការព្យាបាលដោយកាំរស្មី
យោងតាមបច្ចេកទេស (Technique)នៃការប្រើកាំរស្មី ការព្យាបាលនេះត្រូវបានបែងចែកជា២ធំៗរួមមាន៖
• ការបញ្ចំាងកាំរស្មី (External Beam Radiotherapy)៖ វិធីសាស្រ្តនេះគឺ ប្រភពកាំរស្មីត្រូវបានបញ្ចេញពីម៉ាស៊ីនមានលក្ខណៈជាបាច់ឆ្លងកាត់ស្បែក និងសរីរាង្គដទៃទៀតរហូតទៅដល់ដុំសាច់ដែលត្រូវព្យាបាល។
• ការស្អំដោយកាំរស្មី (Brachytherapy)៖ ជាការដាក់បញ្ចូលប្រភពកាំរស្មីទៅក្នុងខ្លួនរបស់អ្នកជំងឺឲ្យជិត រឺ ក្នុងដុំសាច់ដែលត្រូវព្យាបាលតែម្តង ដោយកាំរស្មីមិនឆ្លងកាត់ស្បែក និងសរីរាង្គផ្សេងៗដូចការបញ្ចំាងកាំរស្មីពីខាងក្រៅនោះទេ។

ករណីយោងតាមគោលដៅវេជ្ជសាស្ត្រ ( Radiation therapy intents) ការព្យាបាលជំងឺមហារីកដោយកាំរស្មីត្រូវបានបែងចែកជា ២ធំៗផងដែរ ដូចជា៖
• ការព្យាបាលក្នុងគោលបំណងឲ្យជាសះស្បើយ (Curative intent)៖ ជាការព្យាបាលដោយកាំរស្មីច្រើន បូករួមជាមួយនឹងការព្យាបាលដទៃទៀត ទាំងការចាក់ថ្នាំគីមី និងការវះកាត់ (មុន ឬ ក្រោយការវះកាត់)ដើម្បីឲ្យអត្រានៃការជាសះស្បើយខ្ពស់ និងកាត់បន្ថយការលាប់ឡើងវិញ។
• ការព្យាបាលក្នុងគោលបំណងពន្យារ ឬសម្រន់(Palliative intent)៖ វិធីនេះសម្រាប់ព្យាបាលដើម្បីកាត់បន្ថយនូវការឈឺចាប់ បន្ថយពិការភាព ឬ ទប់មិនឲ្យមានការហូរឈាមភ្លាមៗ ដែលជាហេតុប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺបន្ទាន់ និងគុណភាពជីវិតចុងក្រោយរបស់គាត់។

២) ដំណើរការនៃការព្យាបាលដោយកាំរស្មី
ដើម្បីសន្មត់ថាអ្នកជំងឺត្រូវព្យាបាលដោយកាំរស្មី ដោយថ្នាំគីមី ឬការវះកាត់ ត្រូវឆ្លងកាត់ការប្រជុំពិភាក្សារវាងក្រុមគ្រូពេទ្យឯកទេសដែលពាក់ព័ន្ធនឹងការព្យាបាលជំងឺមហារីក (MDT= Multidisciplinary Team) ដូចជាគ្រូពេទ្យឯកទេសខាងរូបភាពវេជ្ជសាស្រ្ត គ្រូពេទ្យឯកទេសខាងថ្នាំគីមី គ្រូពេទ្យឯកទេសបញ្ចាំងកាំរស្មី និងគ្រូពេទ្យឯកទេសវះកាត់មហារីក ដើម្បីកំនត់យុទ្ធសាស្ត្រក្នុងការព្យាបាលជាមុនសិន។

នៅពេលអ្នកជំងឺត្រូវបានកំណត់ថាត្រូវព្យាបាលដោយកាំរស្មី ចលនានៃការព្យាបាលនេះចែកចេញជា ៥ដំណាក់កាលដូចខាងក្រោម៖
• ការណាត់ជួបអ្នកជំងឺជាមួយគ្រូពេទ្យឯកទេសកាំរស្មី៖ ដើម្បីឲ្យអ្នកជំងឺត្រៀមលក្ខណៈ ទទួលបានព័ត៌មានពាក់ព័ន្ធនឹងដំណើរការព្យាបាលដោយកាំរស្មី ផលវិបាកមួយចំនួនដែលកើតឡើងក្នុងអំឡុងពេល និងក្រោយពេលព្យាបាល។
• ការថតប្លង់កាំរស្មី (CT Simulation)៖ ជាការថតស្កែនសម្រាប់ការព្យាបាលដោយកាំរស្មី រូបភាពដែលទទួលបានគឺប្រើសម្រាប់ធ្វើការសិក្សាប្លង់។
• ការសិក្សាប្លង់ (Dosimetry)៖ ដើម្បីកំណត់ទីតាំង ទិសដៅបញ្ចាំង និងកម្រិតកាំរស្មីដែលត្រូវប្រើ ត្រូវមានការចូលរួមសម្រេចដោយគ្រូពេទ្យឯកទេសកាំរស្មី និងអ្នកឯកទេសខាងរូបភាពវេជ្ជសាស្ត្រ រួចទើបបញ្ជូនទិន្នន័យទាំងនោះទៅកាន់ម៉ាស៊ីនបញ្ចាំងកាំរស្មី (Linear Accelerator) ដោយប្រព័ន្ធព័ត៌មានវិទ្យាទំនើប។
• ការព្យាបាលដោយកាំរស្មី៖ ការព្យាបាលធ្វើតាម ទិន្នន័យដែលរក្សាទុកក្នុងម៉ាស៊ីនបញ្ចាំងកាំរស្មីសម្រាប់អ្នកជំងឺម្នាក់ៗ។
• ការតាមដាន៖ ចាប់តាំងពីថ្ងៃដំបូងដែលអ្នកជំងឺទទួលការព្យាបាលដោយកាំរស្មី រហូតដល់ថ្ងៃបញ្ចប់នៃការព្យាបាល និងក្រោយបញ្ចប់ការព្យាបាល។ អ្នកជំងឺតម្រូវអោយជួបគ្រូពេទ្យឯកទេសកាំរស្មី ជាប្រចាំ។

៣) ការត្រៀមខ្លួនរបស់អ្នកជំងឺ
៣ដំណាក់កាលដែលអ្នកជំងឺត្រូវត្រៀមខ្លួន សម្រាប់ការព្យាបាលដោយកាំរស្មី៖
• នៅពេលមុនទទួលការព្យាបាលដោយកាំរស្មី៖ អ្នកជំងឺនឹងតម្រូវឲ្យជួបជាមួយគ្រូពេទ្យឯកទេសផ្នែកកាំរស្មីដើម្បីស្វែងយល់ ឬទទួលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយទាក់ទងនឹងគោលបំណង ដំណើរការ និងផលវិបាកកំឡុងពេល និងក្រោយពេលព្យាបាល។
• អំឡុងពេលព្យាបាលដោយកាំរស្មី៖ អ្នកជំងឺត្រូវជួបគ្រូពេទ្យយ៉ាងហោចម្តង ក្នុងមួយសប្តាហ៍ និងក្នុងករណីមានផលវិបាកដោយកាំរស្មី អ្នកជំងឺតម្រូវអោយជួបគ្រូពេទ្យញឹកញាប់ (លើសពីម្តង ក្នុងមួយសប្តាហ៍) ដើម្បីប្រឹក្សាបន្ថែមដើម្បីបន្ថយផលវិបាកទាំងនោះ។
• ក្រោយការបញ្ចាំងកាំរស្មី៖ អ្នកជំងឺត្រូវបន្តការតាមដានជារឿយៗ ជាមួយគ្រូពេទ្យឯកទេសកាំរស្មីដើម្បីវាយតម្លៃឡើងវិញនូវផលវិបាក នឹងការវិវត្តន៍នៃជំងឺ។

“សូមមេត្តាមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីយល់ដឹងបន្ថែមពីការព្យាបាលជំងឺមហារីកដោយកាំរស្មី”។

ប្រភព៖ Calmette Hospital

Share this post