1 តើជំងឺកូវីដ-១៩គឺជាអ្វី?
វីរុសកូរ៉ូណាប្រភេទថ្មី (CoV) គឺជាវីរុសថ្មីនៃអម្បូរវីរុសកូរ៉ូណា។ ជំងឺដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ដែលត្រូវបានគេដាក់ឈ្មោះថា ជំងឺវីរុសកូរ៉ូណាឆ្នាំ២០១៩ (កូវីដ-១៩/COVID-19) ដែលពាក្យកាត់ “CO” តំណាងឱ្យពាក្យ corona (កូរ៉ូណា) “VI” តំណាងឱ្យពាក្យ virus (វីរុស) និង “D” តំណាងឱ្យពាក្យ disease (ជំងឺ)។ COVID-19 គឺជាវីរុសថ្មីមួយដែលមានទំនាក់ទំនងទៅនឹងអម្បូរនៃវីរុសដូចគ្នានឹងជម្ងឺរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) និងប្រភេទជំងឺផ្តាសាយទូទៅមួយចំនួនទៀត។
2 នៅពេលអ្នកណាម្នាក់មានជំងឺកូវីដ-១៩ តើគាត់មានរោគសញ្ញាអ្វីខ្លះ?
ជាទូទៅរោគសញ្ញារួមមាន៖
- គ្រុនក្តៅ
- ដង្ហើមខ្លី
- ក្អក
- ក្នុងករណីធ្ងន់ធ្ងរជាងនេះ ការឆ្លងវីរុសនេះអាចបណ្តាលឱ្យកើតជំងឺរលាកសួត ឬពិបាកដកដង្ហើម។
3 តើជំងឺកូវីដ-១៩ឆ្លងដោយរបៀបណា?
អ្នកអាចឆ្លងជំងឺកូវីដ-១៩ ពីអ្នកដែលមានជំងឺនេះ ជំងឺអាចចម្លងតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុស (តាមរយៈការក្អក និងកណ្តាស់) ដំណក់ទឹកតូចៗទាំងនោះធ្លាក់លើផ្ទៃ និងវត្ថុផ្សេងៗ ប្រសិនបើអ្នកប៉ះលើផ្ទៃ និងវត្ថុទាំងនោះ ហើយប៉ះភ្នែក ច្រមុះ ឬមាត់ ជាមួយដៃកខ្វក់ អ្នកបញ្ជូនវីរុសពីលើផ្ទៃទៅលើខ្លួនអ្នក អ្នកក៏អាចឆ្លងជំងឺកូវីដ-១៩ ដោយសារដកដង្ហើមចូលដំណក់ទឹកតូចៗទាំងនោះផងដែរ ដូច្នេះហើយវាចំបាច់ដែលអ្នកត្រូវរក្សាចំងាយពីគ្នា១,៥ម៉ែត្រ ពីអ្នកដទៃ។
4 តើខ្ញុំត្រូវពាក់ម៉ាស់របៀបណា?
ពាក់ម៉ាស់នៅត្រចៀកឲ្យជាប់ ដោយធានាថាម៉ាស់គ្របជិតមាត់ និងច្រមុះ នៅពេលកំពុងពាក់។ ហាមយកដៃមកប៉ះពាល់ម៉ាស់។ ត្រូវដូរម៉ាស់ថ្មីស្អាត ប្រសិនក្នុងអំឡុងពាក់ម៉ាស់មានសើមឬខូច។ ការពាក់ម៉ាស់អាចជួយបង្ការការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមបានមួយកម្រិត ប៉ុន្តែការប្រើម៉ាស់តែឯងមិនគ្រប់គ្រាន់ក្នុងការបង្ការការចម្លងមេរោគទេ គួរតែរួមផ្សំជាមួយវិធានការបង្ការការចម្លងដទៃទៀត។
5 តើខ្ញុំអាចឆ្លងជំងឺកូវីដ-១៩ ពីវត្ថុផ្សេងៗឬទេ?
គេនៅមិនទាន់ច្បាស់ទេថា តើវីរុសនេះអាចនៅលើផ្ទៃនៃវត្ថុផ្សេងៗបានយូរប៉ុណ្ណា ប៉ុន្តែវាមានលក្ខណៈប្រហាក់ប្រហែលនឹងវីរុសកូរូណាដទៃទៀតដែរ។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា វីរុសនេះ អាចនៅលើផ្ទៃនៃវត្ថុផ្សេងៗ បាន២-៣ម៉ោង ឬរហូតដល់២-៣ថ្ងៃ វាអាស្រ័យទៅលើប្រភេទនៃផ្ទៃវត្ថុ បរិយាកាស សីតុណ្ហភាព ។ល។ ប្រសិនបើអ្នកគិតថាផ្ទៃនៃវត្ថុណាមួយមានវីរុស សូមសម្អាត ដើម្បីការខ្លួនឯង និងអ្នកដទៃ។ សូមលាងដៃនឹងសាប៊ូនិងទឹកស្អាត ឬអាល់កុលហ្សែល។ ជៀសវាងការប៉ះភ្នែក មាត់ ឬច្រមុះ។
6 តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីការពារខ្លួនរបស់ខ្ញុំនិងអ្នកដទៃ?
7 តើខ្ញុំត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំបានទៅកន្លែងដែលមានផ្ទុះជំងឺកូវីដ-១៩?
សូមធ្វើចត្តាឡីស័ករៀងៗខ្លួន បន្ទាប់ពីទទួលបានលទ្ធផលតេស្តរកមេរោគកូវីដ-១៩ អវិជ្ជមាន លើកទី១ និងត្រូវប្រកាន់ខ្ជាប់នូវកាតព្វកិច្ច ដូចខាងក្រោម៖
- ពាក់ម៉ាស់ការពារខ្លួនជាប់រហូត
- មិនត្រូវចេញពីបរិវេណផ្ទះបើសិនជាគ្មានការងារចាំបាច់
- រក្សាគម្លាតសង្គម និងគម្លាតបុគ្គលយ៉ាងតិច១,៥ពីគ្នា
- ត្រលប់មកធ្វើតេស្តម្តងទៀត នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក (ថ្ងៃមកដល់កម្ពុជារាប់ជាថ្ងៃទី០)
សម្រាប់អ្នកស្នាក់នៅភ្នំពេញ៖ សូមទៅធ្វើតេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្សី) ឬមណ្ឌលសុខភាពចាក់អង្រែ សម្រាប់អ្នកស្នាក់នៅខេត្ត៖ សូមទៅធ្វើតេស្តនៅមន្ទីរពេទ្យបង្អែកខេត្ត
8 តើមានការព្យាបាលសម្រាប់ជំងឺកូវីដ-១៩ ឬទេ?
មិនមានការព្យាបាលជាក់លាក់នៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញាជាច្រើនអាចព្យាបាលបាន ដូច្នេះហើយការព្យាបាលផ្អែកទៅលើស្ថានភាពគ្លីនិករបស់អ្នកជំងឺ។
9 តើត្រូវធ្វើអ្វីខ្លះក្នុងអំឡុងពេលធ្វើចត្តាឡីស័ក?
🏠 នៅផ្ទះគ្រប់ពេលរាល់ថ្ងៃ លើកលែងតែពេលត្រូវការសេវាព្យាបាល
– នៅផ្ទះរហូត និងតាមដានសុខភាពជារៀងរាល់ថ្ងៃ
– បើទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ត្រូវពាក់ម៉ាស់ក្នុងពេលធ្វើដំណើរចេញពីផ្ទះ
– ហាមជួបបងប្អូន មិត្តភក្តិ ជាពិសេសជួបឬនៅជិតមនុស្សចាស់ ឬអ្នកមានជំងឺ
– ហាមប៉ះពាល់សត្វ។
🌡តាមដានរោគសញ្ញានៃជំងឺ
– វាស់កម្តៅជារៀងរាល់ថ្ងៃ មួយថ្ងៃពីរដង ពេលព្រឹក និងពេលល្ងាច
– បើកម្តៅលើសពី៣៧,៥ អង្សារសេ ឬមានរោគសញ្ញាណាមួយ ដូចជាក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវផ្តល់ព័ត៌មានដល់មណ្ឌលសុខភាពដើម្បីពិគ្រោះយោបល់។
↔️ នៅដាច់ដោយឡែកពីសមាជិកគ្រួសារ
– រស់នៅក្នុងបន្ទប់មួយដាច់ដោយឡែក ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ និងប្រើប្រាស់បន្ទប់ ឬបង្គន់ផ្សេងពីគ្រួសារ។ សមាជិក និងគ្រួសារដទៃទៀត ត្រូវរស់នៅក្នុងបន្ទប់ផ្សេង
– បរិភោគអាហារដាច់ដោយឡែកពីសមាជិកគ្រួសារ
– ពាក់ម៉ាស់ពេលមានសមាជិកគ្រួសារនៅក្បែរ ក្នុងបន្ទប់ជាមួយគ្នា ឬត្រូវនៅឃ្លាតពីគ្នាយ៉ាងតិច២ម៉ែត្រ។ កាត់បន្ថយការជួបសមាជិកគ្រួសារ និងការប្រើប្រាស់កន្លែងរួមគ្នា។
🥄 ប្រើសម្ភារៈដាច់ដោយឡែកពីសមាជិកគ្រួសារ មាន៖
– ចាន សម ស្លាបព្រា កន្សែងឬក្រមា គ្រែ កន្ទេល ពូក ខ្នើយ ភួយ សម្លៀកបំពាក់ និងសម្ភារៈផ្សេងទៀតដែលប្រើប្រាស់ផ្ទាល់ខ្លួន
– លាងសម្អាតសម្ភារៈជាមួយទឹកស្អាត និងសាប៊ូ ឲ្យបានស្អាតល្អ
– បោកគក់សម្លៀកបំពាក់ កម្រាលពូក កន្សែងឬក្រមា មុង ភួយ ជាមួយសាប៊ូធម្មតា និងហាលឲ្យបានស្ងួតល្អ។
✋ លាងដៃអោយបានញឹកញាប់ជាមួយសាប៊ូ
– លាងដៃអោយបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត (លាងដៃម្តងត្រូវប្រើពេលយ៉ាងតិច៤០វិនាទី)
– លាងសម្អាតដៃ មុនពេលនិងក្រោយពេលចម្អិនអាហារ មុនពេលនិងក្រោយពេលបរិភោគអាហារ
– ហាមប៉ះ ភ្នែក ច្រមុះ មាត់ នៅពេលដៃមិនទាន់បានសម្អាតជាពិសេស ក្រោយពេលប្រើបង្គន់។
10 តើខ្ញុំអាចធ្វើយ៉ាងណា ដើម្បីកាត់បន្ថយភាពតានតឹង ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩?
📞 ក្នុងអំឡុងពេលមានវិបត្តិជាធម្មតា អ្នកមានអារម្មណ៍ទុក្ខព្រួយសោកសៅ តានតឹងផ្លូវចិត្ត ច្របូលច្របល់ ភ័យខ្លាច ឬខឹងមួរម៉ៅជាដើម។ សូមនិយាយជជែកជាមួយមនុស្សដែលអ្នកទុកចិត្ត អាចជួយអ្នកបាន។ សូមធ្វើការទាក់ទងនិយាយជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក ដើម្បីបន្ធូរអារម្មណ៍របស់អ្នក។
🥦 ប្រសិនបើអ្នកត្រូវសម្រាកនៅផ្ទះ សូមរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អ រួមមាន៖ បរិភោគអាហារឲ្យបានត្រឹមត្រូវ គេងឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណឲ្យបានទៀងទាត់ ហើយរក្សាទំនាក់ទំនងនៅក្នុងសង្គម ជាមួយមនុស្សជាទីស្រលាញ់របស់អ្នក និងតាមរយៈអ៊ីមែល និងទូរស័ព្ទ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។
🚭 កុំជក់បារី គ្រឿងស្រវឹង ឬសារធាតុញៀនផ្សេងៗ ដើម្បីដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់អ្នក។ ប្រសិនបើអ្នកមានអារម្មណ៍ធុញថប់ច្របូលច្របល់ សូមធ្វើការពិភាក្សាជាមួយពេទ្យ ឬអ្នកផ្តល់ប្រឹក្សា។ ក្នុងករណីដែលមានតម្រូវការចាំបាច់ សូមរៀបចំផែនការទុកជាមុនដូចជា ថាតើអ្នកត្រូវទៅកន្លែងណា ហើយស្វែងរកការជួយដោយរបៀបណាសម្រាប់តម្រូវការសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
ℹ️ សូមស្វែងរកព័ត៌មានពិត។ ប្រមូលព័ត៌មានដែលអាចនឹងជួយអ្នក ធ្វើការសម្រេចចិត្តទៅលើហានិភ័យដោយភាពត្រឹមត្រូវ ដូច្នេះអ្នកអាចមានការប្រុងប្រយ័ត្នបានត្រឹមត្រូវ។ សូមស្វែងរកប្រភពព័ត៌មានដែលអាចជឿទុកចិត្ត ដូចជាគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឬទំព័រហ្វេសប៊ុក របស់ក្រសួងសុខាភិបាល។
😭 សូមកាត់បន្ថយការព្រួយបារម្ភ ដោយកាត់បន្ថយការមើល ឬស្តាប់ប្រព័ន្ធផ្សព្វផ្សាយនានា ដែលអ្នកយល់ថា ធ្វើឲ្យអ្នកកាន់តែពិបាកចិត្ត។
⭐️ សូមប្រើប្រាស់ជំនាញដែលអ្នកធ្លាប់បានប្រើប្រាស់ ក្នុងការជួយដោះស្រាយរឿងរ៉ាវបញ្ហាជីវិតកន្លងមក ហើយប្រើជំនាញ ឬរបៀបដោះស្រាយនោះ មកដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់អ្នក ក្នុងអំឡុងពេលនៃការផ្ទុះរាតត្បាតជំងឺកូវីដ-១៩នេះ។
ប្រសិនបើលោកអ្នកមានរោគសញ្ញាដែលទាក់ទងនឹង កូវីដ១៩ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅមន្ទីពេទ្យដែ្លនៅជិតលោកអ្នកបំផុត ឬក្រសួងសុខាភិបាលតាមរយៈលេខទូរស័ព្ទ 115 ឥតគិតថ្លៃ
សម្រាប់ព័ត៍មានបន្ថែមសូមតាមដាននៅលើគេហទំព័រ និងហ្វេសបុកផេក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
Leave a Reply