១) ដូចម្ដេចដែលហៅថាជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ?
ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមិនមានន័យថា បេះដូងរបស់យើងឈប់ដើរនោះទេ។ ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺជាការចុះខ្សោយនូវសមត្ថភាពរបស់បេះដូងក្នុងការច្របាច់បញ្ជូនឈាមអោយបានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងខ្លួនយើង។ ជំងឺនេះអាចកើតមានលើមនុស្សគ្រប់អាយុ គ្រប់វ័យ ប៉ុន្តែជាទូទៅជំងឺនេះច្រើនកើតលើមនុស្សដែលមានវ័យចំណាស់។
២) តើជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានរោគសញ្ញាដូចម្តេចខ្លះ?
ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ មានរោគសញ្ញាចំបងដូចជា៖
- ហត់ដង្ហក់ ពិបាកដកដង្ហើមពេលធ្វើចលនា ពេលនៅស្ងៀម ឬពេលគេងផ្ងារ
- អស់កំលាំង ល្ហិតល្ហៃជារឿយៗ
- ហើមជើងទាំងសងខាង
- ញ័រទ្រូង ឬចង្វាក់បេះដូងលោតញាប់ជាងធម្មតា
- ក្អកជាប្រចាំ ឬដកដង្ហើមលឺសូរ “ងឺៗ” ហើយមានកំហាកពណ៌ស ឬពណ៌ផ្កាឈូក លាយឈាម
រោគសញ្ញាទាំងនេះអាចកើតមានភ្លាមៗយ៉ាងស្រួចស្រាវ ឬកើតមានបន្តិចម្តងៗ អាស្រ័យទៅតាមមូលហេតុ និងស្ថានភាពនៃជំងឺ។
៣) តើមូលហេតុអ្វីខ្លះដែលបណ្ដាលអោយកើតជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ?
មូលហេតុដែលបណ្តាលអោយកើតជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានដូចជា៖
- ជំងឺស្ទះសរសៃឈាមបេះដូង និងស្លោកសាច់បេះដូង (Ischemic Heart Disease and Heart Attack)
- ជំងឺលើសឈាម ឬលើសសម្ពាធឈាម (Hypertension)
- ជំងឺខូចប្រើសបេះដូង (Valvular Heart Disease)
- ជំងឺវិបត្តិសាច់ដុំបេះដូង (Cardiomyopathy) និងរលាកសាច់ដុំបេះដូង (Myocarditis)
- ជំងឺវិបត្តិចង្វាក់បេះដូង (Arrhythmia) ដូចជា ជំងឺបេះដូងដើរលឿនខុសចង្វាក់ (Atrial Fibrillation)
- ជំងឺបេះដូងពីកំណើត (Congenital Heart Disease) ដូចជា ជំងឺបេះដូងចំហរ ថតខាងលើ (Atrial Septal Defect)
- ជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺអេដស៍ ជំងឺពកក។ល។
៤) តើមានវិធានការអ្វីខ្លះដើម្បីបង្ការជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ?
គន្លឹះដ៏សំខាន់ក្នុងការបង្ការកុំអោយកើតមាន ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺត្រូវធ្វើយ៉ាងណាកាត់បន្ថយហនិភ័យផ្សេងៗដែលនាំអោយកើតមានជំងឺនេះ។ ការកាត់បន្ថយហនិភ័យទាំងនេះតំរូវអោយយើងមានទំលាប់រស់នៅ ដែលនាំអោយមានសុខភាពល្អ និងការព្យាបាលបង្ការជំងឺដែលជាដើមហេតុនៃជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ។ ទំលាប់រស់នៅ ដែលនាំអោយមានសុខភាពល្អដើម្បីបង្ការជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានដូចជា៖
- កុំជក់បារី និងពិសារគ្រឿងស្រវឹង
- ព្យាលបាលជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ឬលើស សម្ពាធឈាមអោយបានត្រឹមត្រូវ
- ធ្វើលំហាត់ប្រាណអោយបានខ្ជាប់ខ្ជួន
- បរិភោគអាហារដែលនាំអោយមានសុខភាពល្អ ដូចជា បន្លែ និងត្រី
- រក្សាទំងន់អោយសមស្រប
- កាត់បន្ថយភាពស្ត្រេសតានតឹងអារម្មណ៍
៥) អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើសំរាប់អ្នកជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ
អ្វីដែលគួរធ្វើមានដូចជា៖
- ត្រូវលេបថ្នាំអោយបានទៀងទាត់ និងត្រឹមត្រូវតាមវេជ្ជបញ្ជា
- ត្រូវរក្សាទំងន់អោយបានសមស្រប
- ត្រូវកាត់បន្ថយការបរិភោគអំបិល ជាតិប្រៃ និងបន្ថយការហូបជាតិទឹក
- ត្រូវស្វែងរកណាត់ជួបគ្រូពេទ្យ បើមានជារោគសញ្ញាមិនធម្មតា ឬធ្ងន់ធ្ងរកើតមានឡើង
អ្វីដែលមិនគួរធ្វើមានដូចជា៖
- មិនត្រូវភ្លេចលេបថ្នាំឡើយ
- មិនត្រូវជក់បារី និងសេពគ្រឿងស្រវឹងឡើយ
- មិនត្រូវលេបថ្នាំតាមចិត្តខ្លួនឯងឡើយ
«បើលោកអ្នកមានរោគសញ្ញាណាមួយដូចដែលបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកជួបពិភាក្សាជាមួយគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការពិគ្រោះជំងឺ និងការព្យាបាលបានល្អប្រសើរ និងប្រកបដោយគុណភាព។»
បដិសេធ
ហូស្ពីកឃែ ខេមបូឌា មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។