នៅពេលដែលយើងចាស់ទៅ រាងកាយរបស់យើងជួបប្រទះនឹងការផ្លាស់ប្តូរជាច្រើន ដែលអាចប៉ះពាល់ដល់តម្រូវការ អាហារូបត្ថម្ភរបស់យើង។ មនុស្សចាស់ត្រូវការអាហារូបត្ថម្ភគ្រប់គ្រាន់ដើម្បីរក្សាសុខភាពល្អ និងគុណភាពជីវិត។ របបអាហារមានតុល្យភាពគឺជាកត្តាសំខាន់បំផុតមួយដែលរួមចំណែកដល់សុខុមាលភាពរបស់មនុស្សចាស់។ ការទទួលទានអាហារដែលមានតុល្យភាពអាចជួយរក្សាសុខភាពល្អ បង្ការជំងឺ និងជួយឱ្យមនុស្សចាស់មានជីវិតរស់នៅប្រកបដោយសុខដុមរមនា។
តើហេតុអ្វីបានជារបបអាហារមានតុល្យភាពមានសារៈសំខាន់សម្រាប់មនុស្សចាស់?
- រក្សាទំងន់សម្រាប់សុខភាព៖ ការឡើងគីឡូកាន់តែច្រើនអាចបង្កើនហានិភ័យនៃជំងឺផ្សេងៗ ដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺគ្រោះថ្នាក់ផ្សេងៗទៀត។ ការទទួលទានអាហារដែលមានជីវជាតិពេញលេញ និងមានតុល្យភាពអាចជួយរក្សាទំងន់សម្រាប់សុខភាពបានល្អ។
- ពង្រឹកប្រព័ន្ធសរសៃប្រសាទ៖ អាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ សំបូរដោយជាតិខ្លាញ់ល្អ និងសារធាតុអូមេហ្គា-៣ អាចជួយពង្រឹកសុខភាពប្រព័ន្ធសរសៃប្រសាទ និងកាត់បន្ថយហានិភ័យនៃជំងឺដែលទាក់ទងនឹងសតិបញ្ញា។
- ពង្រឹកប្រព័ន្ធភាពស៊ាំ៖ អាហារដែលមានជាតិអង់ទីអុកស៊ីដង់ ដូចជាផ្លែឈើ និងបន្លែ អាចជួយពង្រឹកប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ។
- ពង្រឹកឆ្អឹង និងសាច់ដុំ៖ កាល់ស្យូម និងវីតាមីន D មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពឆ្អឹង។ ការទទួលទានអាហារដែលមានជាតិកាល់ស្យូម និងវីតាមីន D គ្រប់គ្រាន់អាចជួយកាត់បន្ថយហានិភ័យនៃជំងឺរលាកឆ្អឹង និងការធ្លាក់ចុះសាច់ដុំ។
- បង្ការជំងឺរ៉ាំរ៉ៃ៖ ការទទួលទានអាហារដែលមានជីវជាតិពេញលេញ និងមានតុល្យភាពអាចជួយបង្ការជំងឺរ៉ាំរ៉ៃផ្សេងៗ ដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីក។
ចំណុចសំខាន់ក្នុងការជ្រើសរើសអាហារ
ដើម្បីរក្សារបបអាហារមានតុល្យភាព អ្នកគួរយកចិត្តទុកដាក់លើអាហារប្រចាំថ្ងៃ ដូចខាងក្រោម៖
- សារធាតុប្រូតេអ៊ីន៖ ប្រូតេអ៊ីនជួយរក្សាសាច់ដុំ និងកំចាត់ភាពខ្សោយ។ ប្រភពអាហារដែលមានប្រូតេអ៊ីនច្រើនរួមមាន៖ ត្រី ស៊ុត គ្រាប់ធញ្ញជាតិ ទឹកដោះគោ និងផលិតផលបែបទឹកដោះគោដែលមានខ្លាញ់តិចតួចបំផុត។
- អាហារដែលសំបូរប្រភេទខ្លាញ់ល្អសម្រាប់សុខភាព៖ ប្រភេទខ្លាញ់ល្អជួយការងារបេះដូង និងកាត់បន្ថយជំងឺប្រព័ន្ធឈាម។ ប្រភពខ្លាញ់ល្អភាគច្រើនមាននៅក្នុង៖ ប្រេងអូលីវ ប្រេងត្រី និងគ្រាប់ធញ្ញជាតិ។
- អាហារដែលសំបូរសារធាតុសរសៃ៖ អាហារប្រភេទនេះជួបយបង្ការជំងឺលើប្រព័ន្ធរំលាយអាហារ។ អាហារដែលមានសំបូរប្រភេទសរសៃភាគច្រើនមាននៅក្នុង៖ បន្លែ និងផ្លែឈើ។
- អាហារសំបូរវីតាមីន និងសារធាតុរ៉ែ៖ ជាតិកាល់ស្យូម និងវីតាមីន D មានសារៈសំខាន់ក្នុងការពារជំងឺ និងប្រព័ន្ធការពាររាងកាយ។ អាហារប្រភេទនេះភាគច្រើនសំបូរនៅក្នុង បន្លែសាច់បៃតង ត្រី និងទឹកដោះគោ។
គន្លឹះសម្រាប់ការទទួលទានអាហារដែលមានជីវជាតិពេញលេញ និងមានតុល្យភាពសម្រាប់មនុស្សចាស់៖
- ញ៉ាំអាហារតូចៗ ប៉ុន្តែញ៉ាំញឹកញាប់៖ នេះអាចជួយកាត់បន្ថយបញ្ហាក្រពះ ពោះវៀន និងធានាថាទទួលបាន សារធាតុចិញ្ចឹមពីចំណីអាហារបានគ្រប់គ្រាន់។
- ជ្រើសរើសអាហារដែលងាយស្រួលញ៉ាំ៖ ប្រសិននបើមានបញ្ហាធ្មេញ ឬការទំពាអាហារ ជ្រើសរើសអាហារដែលងាយស្រួលញ៉ាំ ដូចជាបន្លែចំហុយ ផ្លែឈើកាត់ជាដុំតូចៗ ស៊ុប ឬសម្ល។
- ផឹកទឹកឲ្យបានច្រើន៖ វ័យកាន់តែចាស់បំរែបំរួលរាងកាយកាន់តែឆាប់រហ័ស សរីរាង្គផ្លាស់ប្តូរកាន់តែរហ័ស ដូច្នេះសូមផឹកទឹកឲ្យបានច្រើនក្នុងមួយថ្ងៃ ដើម្បីរក្សាតុលភាពរបស់រាងកាយ។
- កំណត់ការទទួលទានអាហារកែច្នៃ៖ អាហារកែច្នៃច្រើនតែមានជាតិខ្លាញ់ អំបិល និងស្ករខ្ពស់ ដែលមិនល្អចំពោះសុខភាព។ ព្យាយាមកាត់បន្ថយអោយបានកាន់តែច្រើនកាន់តែប្រសើរ។
- ពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញអាហារូបត្ថម្ភ៖ ប្រសិនបើអ្នកមានចម្ងល់ ឬកង្វល់អំពីរបបអាហាររបស់អ្នក សូមពិគ្រោះជាមួយអ្នកជំនាញអាហារូបត្ថម្ភដើម្បីរៀបចំផែនការអាហារប្រចាំថ្ងៃកាន់តែមានប្រសិទ្ធភាពសមស្របតាមស្ថានភាពរបស់រាងកាយអ្នក។
ចំណុចដែលត្រូវប្រុងប្រយ័ត្ន
- ប្រភេទអាហារកែឆ្នៃដែលហួសសុពលភាពបរិភោគ
- ការប្រើប្រាស់បរិមាណ អំបិល និងស្ករ ច្រើននៅក្នុងអាហារ
- ប្រភេទអាហារដែលមានខ្លាញ់ច្រើន និងហឹលខ្លាំង
- ការបរិភោគអាហារដែលសំបូរប្រូតេអ៉ីនខ្ពស់លើសតម្រូវការរបស់រាងកាយ
- ការប្រើប្រាស់ប្រភេទអាហារជំនួយសុខភាព ជំនួសអាហារដែលបរិភោគប្រចាំថ្ងៃ
របបអាហារមានតុល្យភាពមានសារៈសំខាន់ក្នុងការជួយមនុស្សចាស់មានសុខភាពល្អ និងសុខមាលភាពល្អ។ ដោយការជ្រើសរើសអាហារដែលសម្បូរជាតិសារធាតុចិញ្ចឹម និងបន្ថយអាហារដែលមានផលប៉ះពាល់អវិជ្ជមាន អាចជួយឱ្យមានអារម្មណ៍ស្រស់ស្រាយ សុខភាពល្អ និងអាយុរស់នៅកាន់តែយូរ។
អត្ថបទដោយ៖ ហូស្ពីឃែ ខេមបូឌា
អត្ថបទស្រាវជ្រាវនេះ ត្រូវបានបកប្រែកក្រៅផ្លូវការពីប្រភពឯកសារដែលមានភ្ជាប់នៅខាងក្រោម ដើម្បីចែករំលែកចំនេះដឹងផ្នែកអាហាររូបត្ថម្ភ សម្រាប់មនុស្សចាស់ជរា។ ព័ត៌មានលម្អិតនៃអត្ថបទសូមស្វែងរកនៅប្រភពភ្ជាប់ខាងក្រោម៖
ប្រភព៖
- អង្គការសុខភាពពិភពលោក (WHO)៖ https://www.who.int/tools/elena/interventions/nutrition-older-people
- គេហទំព័រអាហារូបត្ថម្ភ៖ https://www.nutrition.gov/topics/food-security-and-access/food-assistance-programs/nutrition-programs-seniors
- គេហទំព័រពត៌មានសុខភាព៖ https://www.webmd.com/healthy-aging/features/nutrition-for-seniors
- សៀវភៅ និងឯកសារស្រាវជ្រាវ៖ Nutrition for the Elderly